ប្រសិនបើ មនុស្សរស់នៅ តែម្នាក់ឯង នោះនីតិពុំមានសារៈសំខាន់អ្វីទេ។ ដូចជានៅក្នុង រឿងប្រលោមលោកមួយ របស់អ្នកនិពន្ធ ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Defoe សរសេរ ក្នុងឆ្នាំ ១៧១៩ ក្រោមចំណងជើងថា "ជីវិត និង ការផ្សងព្រេង ដ៏ចម្លែកអស្ចារ្យរបស់ Robinson Crusoe" ដែលត្រូវលិចកប៉ាល់ ទៅទើលើកោះមួយ ដែលគ្មានមនុស្សឯទៀត រស់នៅសោះ ត្រូវបាន ខំត្រដរតស៊ូរស់ តាមកម្លាំង និង កម្លាំងបញ្ញារបស់ខ្ឡួនទប់ទល់នឹងធម្មជាតិ ហើយក្នុងជីវិត រស់នៅរបស់គាត់នាពេលនោះ គាត់ពុំចាំបាត់ត្រូវការច្បាប់ ឬ ក៏នីតិអ្វី មកគ្រប់គ្រង ការរស់នៅ របស់គាត់ទេ គឺ គាត់រស់នៅក្រោមច្បាប់ព្រៃតែប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃមួយនោះ គឺ ចំថ្ងៃសុក្រ ដែលគាត់បានជួបបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលគាត់ឲ្យឈ្មោះថា រ៉ង់ដ្រឺឌី (Vendredi) ទើបស្ថានភាពជីវិតផ្ទាល់ខ្លួនរបស់គាត់ ត្រូវបានផ្លាស់ប្តូរ ពីព្រោះ គាត់មានទំនាក់ទំនង ជាមួយរ៉ង់ដ្រឺឌីមកធ្វើជាគ្នា។ នាពេលនោះហើយ បានចាប់ផ្តើមបដិសន្ធិ នូវពន្លកច្បាប់ ឡើង បន្តិចម្ដងៗ។ ពេលនោះគាត់ត្រូវគោរពវិន័យ គោរពលក្ខខណ្ឌខ្លះៗ ក្នុងនាទីគាត់ជាចៅហ្វាយគេ និង គាត់មានសិទ្ធិខ្លះលើអ្នកបំរើគាត់ ឈ្មោះវ៉ង់ដ្រឺឌី។ យើងសង្កតឃើញថា ពន្លកនៃច្បាប់ (តាមន័យនីតិសាស្រ្ត) កើតមានឡើងកាលណា មានការចាប់ផ្តើម កំណើតសង្គម មនុស្ស ជាមួយដែរ។
ម្យ៉ាងទៀត មនុស្ស និង មនុស្សច្រើនតែខ្លាចគ្នា កាលបើពុំទាន់ស្គាល់គ្នា។ អ្នកទស្សនៈវិទូអង់គ្លេសឈ្មោះ Thomas Hobbes (1588-1679) បាននិយាយថា "នៅក្នុង ធម្មជាតិមនុស្ស ជាឆ្កៃចចកចំពោះមនុស្សគ្នាឯង" ជាហេតុនាំឲ្យពួកគេ ស្ថិតនៅក្នុងភាព ការពារ ខ្លួន ជានិច្ច គឺថា ក្នុងភាពប្រុងប្រយ័ត្ន និង ភាពធ្វើសង្រ្គាមជានិរន្តន៍។ ដើម្បីចៀសវាង កុំឲ្យមាន ការភ័យបារម្ភខ្លាចគ្នាឯងយ៉ាងនេះ ជាការចាំបាច់ណាស់ ដែលគេត្រូវតែបង្កើតឲ្យមាននូវ អ្វីមួយ ដែលទុកជាវិធាន ជាច្បាប់ សម្រាប់ថែរក្សារបៀបរៀបរយ សន្តិសុខ និងយុត្តិធម៌ រវាងបុគ្គល និង បុគ្គល ដែលរស់ក្នុងសង្គមជាមួយគ្នា។
ដូច្នេះយើងឃើញថា ច្បាប់ជាបាតុភូតសង្គម ដែលវិវឌ្ឍន៍ជាប់ជិតស្និតស្របជាមួយនឹង ការអភិវឌ្ឍន៍របស់សង្គម៕
No comments:
Post a Comment